Top Page | English | 简体中文 | 繁體中文 | 한국어 | 日本語
Tuesday, 1 December 2020, 16:30 HKT/SGT
Share:
        

Source: EU / ASEAN Customs Transit System (ACTS)
សេចក្តីប្រកាសព័ត៌មានរួមគ្នារវាងអាស៊ាននិងសហភាពអឺរ៉ុប ស្តីពី ប្រព័ន្ធអនឡាញថ្មីសម្រាប់ត្រួតពិនិត្យទំនិញឆ្លងកាត់គយ ដើម្បីជំរុញពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ាន
ចាប់ពីពេលនេះទៅ ពាណិជ្ជកររកស៊ីឆ្លងដែនអាចទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធអនឡាញថ្មីមួយសម្រាប់ត្រួតពិនិត្យទំនិញឆ្លងកាត់គយ – ដែលមានឈ្មោះពេញជាភាសាអង់គ្លេសថា ASEAN Customs Transit System (ACTS) – ដើម្បីពន្លឿនការជួញដូរទំនិញតាមផ្លូវគោក នៅក្នុងរង្វង់តំបន់អាស៊ាន។ ប្រព័ន្ធ ACTS នេះត្រូវបានរៀបចំបង្កើតឡើងក្រោមការជួយឧបត្ថម្ភពីសហភាពអឺរ៉ុប។

JAKARTA, Dec 1, 2020 - (ACN Newswire) - ចាប់ពីពេលនេះតទៅ ផ្នែកឯកជននៅក្នុងតំបន់អាស៊ាននឹងមានលទ្ធភាពចូលទៅប្រើប្រាស់ប្រព័ន្ធអនឡាញថ្មីមួយប្រកបដោយអានុភាពខ្លាំង សម្រាប់គ្រប់គ្រងទំនិញឆ្លងកាត់គយជាភាសាអង់គ្លេសគឺ ASEAN Customs Transit System (ACTS) ដែលនឹងកាត់បន្ថយនូវបញ្ហាប្រឈមនានានៅក្នុងការធ្វើពាណិជ្ជកម្មក្នុងរង្វង់តំបន់អាស៊ាន និងជួយបង្កលទ្ធភាពឱ្យបណ្តាក្រុមហ៊ុនអាចទាញយកអត្ថប្រយោជន៍ពេញលេញពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) តាមរយៈការធ្វើចរាចរណ៍ទំនិញដោយសេរីក្នុងតំបន់ទាំងមូល។

នៅក្នុងឆ្នាំ២០១៧ បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានដាក់ចេញគោលដៅពីរសម្រាប់ឈានទៅកាត់បន្ថយចំណាយលើការទូទាត់ទំនិញឆ្លងកាត់ក្នុងកម្រិត១០% នៅត្រឹមឆ្នាំ២០២០ និងសម្រាប់បង្កើនទំហំពាណិជ្ជកម្មក្នុងរង្វង់តំបន់អាស៊ានឱ្យកើនទ្វេឡើង រវាងឆ្នាំ២០១៧ និងឆ្នាំ២០២៥។ ក្នុងការឈានទៅសម្រេចគោលដៅនេះឱ្យបាន ប្រព័ន្ធ ACTS នេះ ត្រូវបានបង្កើតឡើងសម្រាប់អនុញ្ញាតឱ្យក្រុមហ៊ុននានា អាចបំពេញបែបបទប្រតិវេទន៍គយតាមប្រព័ន្ធអេឡិចត្រូនិកដោយផ្ទាល់ ជាមួយអាជ្ញាធរគយអាស៊ាន ហើយតាមរយៈការងារនេះ គេអាចតាមដានចរាចរណ៍ទំនិញរបស់ខ្លួនចាប់តាំងពីពេលលើកដាក់មុនចេញដំណើរ រហូតដល់ពេលប្រគល់នៅទីដៅចុងក្រោយទៀតផង។

ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា៖ “ការបង្កើតប្រព័ន្ធគ្រប់គ្រងទំនិញឆ្លងកាត់គយក្នុងតំបន់អាស៊ាននេះ ដើរតួនាទីសំខាន់ខ្លាំងណាស់សម្រាប់សម្រួលការធ្វើចរាចរណ៍ទំនិញនៅក្នុងតំបន់ឱ្យប្រព្រឹត្តទៅបានយ៉ាងរលូន។ ខ្ញុំជឿជាក់ថា ប្រព័ន្ធនេះនឹងក្លាយទៅជាឧបករណ៍មួយដ៏ល្អឥតខ្ចោះសម្រាប់ពង្រីកការធ្វើពាណិជ្ជកម្ម និងបណ្តាញផលិតកម្មរបស់អាស៊ាន ក៏ដូចជានៅក្នុងការបង្កើតឱ្យមានទីផ្សារមួយដែលមានលក្ខណៈកាន់តែសមមូលគ្នាឡើង សម្រាប់បណ្តាក្រុមហ៊ុន និងអ្នកប្រើប្រាស់នៅក្នុងតំបន់នេះ។” ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា៖ “ប្រព័ន្ធ ACTS នេះក៏អាចនឹងជួយផងដែរ ដល់កិច្ចខិតខំស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញក្រោយវិបត្តិកូវីដ ដើម្បីពន្លឿនចរាចរណ៍ឆ្លងកាត់នៃសម្ភារពេទ្យ វ៉ាក់សាំង និងគ្រឿងបរិក្ខារការពារខ្លួន ក្នុងចំណោមរដ្ឋសមាជិកក្នុងតំបន់។”

ប្រព័ន្ធគ្រប់គ្រងទំនិញឆ្លងកាត់គយក្នុងតំបន់អាស៊ាន (ACTS) នេះ សម្រួលឱ្យចរាចរណ៍ទំនិញនៅក្នុងតំបន់ទាំងមូលមានភាពសាមញ្ញ ក្នុងគោលដៅធ្វើយ៉ាងណា ឱ្យការដឹកជញ្ជូនទំនិញនេះកាន់តែមានប្រសិទ្ធភាព និងចំណាយកាន់តែទាប។ នៅក្រោមប្រព័ន្ធ ACTS ផ្នែកឯកជនអាចបំពេញបែបបទប្រតិវេទន៍ទំនិញឆ្លងកាត់គយតែមួយ សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រើនប្រទេសនៅក្នុងតំបន់អាស៊ាន ដោយមិនចាំបាច់បំពេញបែបបទដដែលច្រើនលើក ឬផ្លាស់ប្តូរយានដឹកជញ្ជូននៅពេលឆ្លងកាត់ច្រកព្រំដែននីមួយៗទេ។ ការរៀបចំចាត់ចែងពិសេស នឹងអនុញ្ញាតឱ្យពាណិជ្ជករមានកេរ្តិ៍ឈ្មោះដែលទុកចិត្តបាន អាចផ្ទុកទំនិញនៅក្នុងទីតាំងរបស់ខ្លួនក្នុងប្រទេសជាប្រភពចេញដំណើរ និងដាក់ទំនិញចុះនៅទីតាំងផ្ទាល់របស់ខ្លួនក្នុងប្រទេសដែលជាគោលដៅនៃការដឹកជញ្ជូន។ ការធ្វើឱ្យទំនិញឆ្លងកាត់ការត្រួតពិនិត្យរបស់គយបានកាន់តែរហ័សនៅតាមច្រកព្រំដែន គឺជួយពន្លឿនចរាចរណ៍ទំនិញឆ្លងកាត់ និងកាត់បន្ថយពេលវេលានិងចំណាយលើការធ្វើពាណិជ្ជកម្មទំនិញ ដែលនាំផលចំណេញដល់អ្នកផលិតនិងអ្នកប្រើប្រាស់នៅក្នុងតំបន់ដីគោកអាស៊ានទាំងមូល។ ប្រព័ន្ធនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមការងារអចិន្ត្រៃយ៍ ដែលហៅជាភាសាអង់គ្លេសថា ACTS Central Management Team ដែលមានទីស្នាក់ការក្នុងអគ្គលេខាធិការដ្ឋានអាស៊ានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្រោមការជួយជ្រោមជ្រែងរបស់កម្មវិធី ARISE Plus តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។ ព័ត៌មានជំនួយពាក់ព័ន្ធនឹង ACTS ថ្នាក់ជាតិនិងថ្នាក់តំបន់ គឺមាននៅក្នុងវេបសាយ https://acts.asean.org

លោក Koen Doens អគ្គនាយកសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍអន្តរជាតិនៃគណៈកម្មការអឺរ៉ុប មានប្រសាសន៍ថា៖ “ប្រព័ន្ធ ACTS ជាសមិទ្ធផលលេចធ្លោមួយដែលជាសក្ខីភាពនៃភាពជាដៃគូយូរអង្វែង រឹងមាំ និងប្រកបដោយចីរភាព រវាងអាស៊ាននិងសហភាពអឺរ៉ុប។” លោកពោលបន្តទៀតថា៖ “ប្រព័ន្ធនេះ នឹងសម្រួលឱ្យចរាចរណ៍ទំនិញតាមផ្លូវគោកឆ្លងកាត់ព្រំដែននៃរដ្ឋសមាជិកអាស៊ានដែលចូលរួមក្នុងប្រព័ន្ធនេះ នឹងប្រព្រឹត្តទៅបានកាន់តែរហ័ស និងកាន់តែងាយស្រួល ហើយតាមរយៈនេះជួយកាត់បន្ថយចំណាយសម្រាប់ធុរកិច្ចនិងពលរដ្ឋនៅតាមប្រទេសនីមួយៗផងដែរ។ សហភាពអឺរ៉ុបមានមោទនភាពដែលបានសហការជាមួយអាស៊ានក្នុងការរៀបចំបង្កើតប្រព័ន្ធ ACTS នេះឱ្យក្លាយជាការពិត ក៏ដូចនៅក្នុងការផ្តល់ជំនាញបច្ចេកទេសអឺរ៉ុប និងជំនួយ១០លានអឺរ៉ូ តាំងពីឆ្នាំ២០១២មក បន្ថែមលើទឹកប្រាក់វិនិយោគចំនួន៥លានអឺរ៉ូពីសំណាក់ដៃគូអាស៊ានរបស់យើង។”

ARISE Plus បានធ្វើការបណ្តុះបណ្តាលជាច្រើនអំពីប្រព័ន្ធ ACTS ជូនដល់តួអង្គពាក់ព័ន្ធនានានៅតាមផ្នែកសាធារណៈនិងឯកជន ក្នុងនោះមានអាជ្ញាធរគយ, ភ្នាក់ងារដឹកជញ្ជូនរបស់រដ្ឋាភិបាល, ក្រុមហ៊ុនបញ្ជូនទំនិញបន្ត, ក្រុមហ៊ុនដឹកជញ្ជូន, ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង។ ប្រព័ន្ធ ACTS នេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ទូទៅជាផ្លូវការហើយ បន្ទាប់ពីបានអនុវត្តការសាកល្បងប្រើនៅក្នុងប្រទេសកម្ពុជា, ឡាវ, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ និងវៀតណាមរួចមក។ នៅថ្ងៃសុក្រទី២៣ និងថ្ងៃសៅរ៍ទី២៤ ខែតុលាកន្លងទៅ ចរាចរណ៍ទំនិញឆ្លងកាត់តាមរយៈការប្រើប្រាស់ប្រព័ន្ធ ACTS បានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានរថយន្តធំដឹកទំនិញមួយចេញពីប្រទេសសិង្ហបុរី ឆ្លងកាត់ប្រទេសម៉ាឡេស៊ី ចូលទៅកាន់ប្រទេសថៃ។ នាពេលឆាប់ៗខាងមុខ ប្រព័ន្ធនេះនឹងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយអាចនឹងត្រូវបានពង្រីកទៅដល់ប្រទេសព្រុយណេ, ឥណ្ឌូនេស៊ី និងហ្វ៊ីលីពីន ប្រសិនបើមានតម្រូវការពីធុរកិច្ចនៅតាមប្រទេសទាំងនោះ។

លោក Yukki Nugrahawan ប្រធានសហព័ន្ធសមាគមអ្នកបញ្ជូនទំនិញបន្តនៃតំបន់អាស៊ាន (ASEAN Federation of Forwarders Associations) មានប្រសាសន៍ថា៖ “យើងមានក្តីរំភើបណាស់ដោយបានឃើញប្រព័ន្ធត្រួតពិនិត្យទំនិញឆ្លងកាត់គយ ACTS ត្រូវបានដាក់ឱ្យដំណើរការនាពេលនេះ”។ លោកមានប្រសាសន៍ថែមទៀតថា៖ “សហគមន៍ក្រុមហ៊ុនបញ្ជូនទំនិញបន្តស្ថិតក្នុងចំណោមអ្នកទទួលផល ពីប្រព័ន្ធនេះ ដោយសារថាប្រព័ន្ធនេះបាននាំមកនូវនីតិវិធីងាយស្រួល សម្រាប់ការត្រួតពិនិត្យគយនិងការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងរដ្ឋសមាជិកអាស៊ាន ហើយលើសពីនេះ វាផ្តល់នូវភាពទស្សទាយបានអំពីថេរវេលាចាប់ពីពេលបញ្ជូនរហូតដល់ពេលប្រគល់ទំនិញ ហើយសំខាន់ជាងនេះទៅទៀត គឺវាជួយកាត់បន្ថយចំណាយលើការដឹកជញ្ជូន។ ប្រព័ន្ធ ACTS នឹងជួយឱ្យចរាចរណ៍ទំនិញឆ្លងកាត់បានកាន់តែឆាប់រហ័សនៅទូទាំងតំបន់ និងជួយយើងកាត់បន្ថយពេលវេលានិងថ្លៃចំណាយទៅលើការធ្វើជំនួញឆ្លងព្រុំដែននៅក្នុងតំបន់អាស៊ានទាំងមូលថែមទៀតផង។” (សូមបញ្ជាក់ឃ្លានេះ)

ប្រព័ន្ធត្រួតពិនិត្យទំនិញឆ្លងកាត់គយនេះ ជាប្រព័ន្ធអនឡាញដែលត្រូវបានបង្កើតឡើងដោយសមាគមអាស៊ាន ដោយមានការជួយឧបត្ថម្ភគាំទ្រពីសំណាក់សហភាពអឺរ៉ុប តាមរយៈកម្មវិធី ARISE Plus។ សូមចូលវេបសាយ https://acts.asean.org ដើម្បីមើលព័ត៌មានពិស្តារ ដែលក្នុងនោះមានផងដែរនូវវីដេអូផ្សព្វផ្សាយ, សៀវភៅគោលការណ៍ណែនាំខ្លីៗដែលអាចទាញយកបាន, ក្របខណ្ឌច្បាប់ និងកម្រងនីតិវិធីសម្រាប់ផ្នែកឯកជន។

អំពីប្រព័ន្ធត្រួតពិនិត្យទំនិញឆ្លងកាត់គយក្នុងតំបន់អាស៊ាន និង ARISE Plus

ប្រព័ន្ធត្រួតពិនិត្យទំនិញឆ្លងកាត់គយក្នុងតំបន់អាស៊ាន (ACTS) ជាការផ្តួចផ្តើមសម្រួលពាណិជ្ជកម្មមួយក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីការសម្រួលទំនិញឆ្លងកាត់ (AFAFGIT) និងប្លង់មេស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (ASEAN Economic Community Blueprint 2025)។ ប្រព័ន្ធនេះមានការគាំទ្រពីសហភាពអឺរ៉ុបតាមរយៈកម្មវិធី ARISE Plus។ កិច្ចផ្តួចផ្តើមផ្សេងទៀតដែលគាំទ្រដោយសហភាពអឺរ៉ុបតាមរយៈ ARISE Plus ដែលត្រូវបានរៀបចំឡើងក្នុងគោលដៅសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែនក្នុងអាស៊ាន រួមមាន ជាភាសាអង់គ្លេស ASEAN Solutions for Investments, Services and Trade (ASSIST ដែលអាចរកមើលបាននៅក្នុងគេហទំព័រនេះ https://assist.asean.org), និង ASEAN Trade Repository (ATR ដែលអាចរកមើលបាននៅក្នុងគេហទំព័រនេះ https://atr.asean.org) ដែលទាំងអស់នេះគឺតម្រូវតាមភាពចាំបាច់របស់ផ្នែកឯកជន។

លោកអ្នកអាចរកមើលព័ត៌មានបន្ថែមទៀតស្តីពី ប្រព័ន្ធត្រួតពិនិត្យទំនិញឆ្លងកាត់គយក្នុងតំបន់អាស៊ាន (ACTS) នៅក្នុងវេបសាយ https://acts.asean.org។ ព័ត៌មានស្តីពីសកម្មភាពជំនួយបច្ចេកទេសរបស់ ARISE Plus មាននៅក្នុងវេបសាយនេះ https://ariseplus.asean.org

ប្រព័ន្ធត្រួតពិនិត្យទំនិញឆ្លងកាត់គយក្នុងតំបន់អាស៊ាន (ACTS) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមការងារអចិន្ត្រៃយ៍មួយដែលហៅជាភាសាអង់គ្លេសថា ACTS Central Management Team ដែលមានទីស្នាក់ការក្នុងអគ្គលេខាធិការដ្ឋានអាស៊ានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖

ACTS Central Management Team (CMT)
ASEAN Secretariat
70A Jl. Sisingamangaraja
Jakarta 12110, Indonesia
Email: [email protected]

ASEAN Regional Integration Support from the EU (ARISE) Plus Programme
ASEAN Secretariat,
70A Jl. Sisingamangaraja,
Jakarta 12110, Indonesia
Email: [email protected]



Topic: Press release summary
Sectors: Local Business
http://www.acnnewswire.com
From the Asia Corporate News Network


Copyright © 2021 ACN Newswire. All rights reserved. A division of Asia Corporate News Network.



EU
Dec 1, 2020 16:00 HKT/SGT
ASEAN and EU's new online Customs Transit System set to boost trade in the ASEAN region
More news >>
 News Alerts
Copyright © 2021 ACN Newswire - Asia Corporate News Network
Home | About us | Services | Partners | Events | Login | Contact us | Privacy Policy | Terms of Use | RSS
US: +1 800 291 0906 | Beijing: +86 400 879 3881 | Hong Kong: +852 2217 2912 | Singapore: +65 6304 8926 | Tokyo: +81 3 6859 8575

Connect With us: